អត្ថបទថ្មីៗ

សង្សារចាស់​ (ភាគទី ០១)

Artboard 3

ដរាបណាផែនដីនៅតែវិលមនុស្សនៅតែជួបគ្នា ។ មិនថាធ្លាប់ស្បថប៉ុន្មានដងថា នឹងមិនជួបមនុស្សម្នាក់នោះទៀតក៏ដោយ គង់តែមានថ្ងៃមួយសន្និវាស តម្រូវអោយជួបគ្នា ។ មនុស្សដែលខ្ញុំមិនអាចបំភ្លេចបាន ពេលនេះស្រាប់តែមកអង្គុយក្បែរខ្ញុំ

« ព្រហ្មលិខិតពិតជាលេងសើចជាមួយមនុស្សមែន! » គេនិយាយដោយប្រើភ្នែកសម្លឹងមើលទៅដួងតារារាប់ពាន់ដែលកំពុងតែរះលំអមេឃាដ៏អួរអាប់នេះ ។ គេនិយាយមិនខុសទេ ព្រហ្មលិខិតពិតជាលេងសើចនឹងពួកខ្ញុំណាស់ ។ អំណត់ ជាឈ្មោះដែលខ្ញុំបំភ្លេចមិនបាន ជាឈ្មោះដែលតាមតោងបេះដូងរបស់ខ្ញុំជិត​ ១០ ឆ្នាំមកនេះ ។

« នាងនៅតែបែបនេះ! មិនព្រមតបនឹងខ្ញុំ ទុកអោយខ្ញុំនិយាយម្នាក់ឯងរហូត » ដោយឃើញខ្ញុំស្ងប់ស្ងាត់ពេកគេក៏និយាយបន្ត

« ខ្ញុំគ្មានអ្វីត្រូវនិយាយទេ » ខ្ញុំតបវិញខ្លីៗ គេញញឹមស្ងាត់ៗ នេះក៏ជាចរឹតរបស់គេដែរ ។ យើងទាំងពីរនៅស្ងៀមបែបនេះមិនដឹងជាយូរប៉ុណ្ណា គ្រាន់តែដឹងថាខ្ញុំចង់អោយពេលវេលាកុំដើរតទៅទៀត ខ្ញុំគ្រាន់តែចង់ស្តាប់សម្លេងរលក មើលមេឃជាមួយគេដោយស្ងប់ស្ងាត់ ។

« ស្គាល់គេយូរប៉ុណ្ណាហើយ? » សុខៗគេសួរ ខ្ញុំដឹងថាគេចង់សំដៅដល់នរណាហើយ

« ខ្ញុំស្គាល់បងពិនទូជិត ៥ ឆ្នាំហើយ តាំងតែពីចប់បរិញ្ញាបត្រម៉្លេះ » បងពិនទូធ្វើការជាមួយខ្ញុំ គាត់ជាមនុស្សល្អណាស់ ។ គាត់ធ្វើល្អដាក់ខ្ញុំគ្រប់បែបយ៉ាង គាត់ក៏ស្រលាញ់ខ្ញុំស្មោះអស់ពីចិត្តរបស់គាត់ដែរ ។ រយះពេល ២ ឆ្នាំដែលយើងសេពគប់គ្នា គាត់មិនដែលធ្វើអោយខ្ញុំទាស់ចិត្តត្រង់ណាទេ មានតែខ្ញុំប៉ុណ្ណោះដែលជាមនុស្សអាក្រក់ មិនសមនឹងគាត់ ។ កំហុសគ្រប់យ៉ាងគឺមកពីខ្ញុំ

« វាតា! គង់នឹងមានថ្ងៃមួយបងនឹងធ្វើអោយអូនស្រលាញ់បងពិតប្រាកដ » បងពិនទូនិយាយពាក្យនេះជាច្រើនដងដាក់ខ្ញុំ

« ឆាប់គេងណាកូនក្មេង! កុំនៅលេងទូរស័ព្ទយប់ពេក ប្រយ័ត្នឈឺ! បងស្រលាញ់អូន » គាត់ជាមនុស្សផ្អែមល្ហែម គួរអោយស្រលាញ់

« អឺម! » ខ្ញុំតប

មានតែខ្ញុំទេដែលជាមនុស្សល្ងង់ គ្មានបេះដូង! ខ្ញុំស្អប់ខ្លួនឯងណាស់ ម៉េចក៏មិនព្រមបំភ្លេចគេទៅ ម៉េចក៏មិនព្រមស្រលាញ់បងពិនទូទៅ

« វាតា! បងសុំចុះចាញ់ហើយ បងពិតជាមិនអាចធ្វើអោយអូនស្រលាញ់បងបានទេ ជញ្ជាំងបេះដូងរបស់អូនខ្ពស់ណាស់ បងសុំទោស »

« ហេតុអីបងត្រូវសុំទោសខ្ញុំ! បងគ្មានកំហុសទេ ខ្ញុំប្រាប់បងតាំងពីដំបូងហើយថា វាគ្មានប្រយោជន៍ទេ! » បងពិនទូសម្លឹងខ្ញុំទាំងសោកសៅ

« ហេតុអីទៅ? បងមិនល្អត្រង់ណា! »

« អ្នកមិនល្អគឺជាខ្ញុំ ខ្ញុំជាមនុស្សគ្មានបេះដូង! បេះដូងរបស់ខ្ញុំវាស្លាប់បាត់ហើយ! » ខ្ញុំដឹងថាវាពិតជាអាត្មានិយម តែខ្ញុំពិតជាមិនអាចកុហកខ្លួនឯងបានមែន!

ដើម្បីជៀសវាងរឿងរ៉ាវច្រើនខ្ញុំបានលាឈប់ពីការងារ គេចមុខពីបងទូ ព្រមទាំងគ្រប់យ៉ាង ទើបតែប៉ុន្មានខែមុន ចៅហ្វាយខ្ញុំហៅខ្ញុំត្រលប់ទៅវិញ រឿងផ្សេងទៀតបានកើតឡើង ។ ខ្ញុំជួបបងពិនទូដដែល គាត់នៅតែដូចពីមុន សង្ហា គួរអោយស្រលាញ់ សុភាពនិងរម្យទម្យ ។ រឿងដំបូងដែលខ្ញុំនឹកស្មានមិនដល់នោះគឺ

« បងរីករាយណាស់ដែលវាតាត្រលប់មកវិញ! អូនមកចំពេលល្អណាស់! បងនឹងរៀបការខែក្រោយនេះហើយ! » គាត់ហុចធៀបការអោយខ្ញុំ!

« ការចាកចេញរបស់អូនធ្វើអោយបងរឹងមាំច្រើន » ខ្ញុំញញឹម មិនដឹងថាជាស្នាមញញឹមក្នុងគោលដៅអ្វីទេ រីករាយ? សោកស្តាយ? ឈឺចាប់?

« ខ្ញុំរីករាយជំនួសបង! »

« ចុះអូនវិញ! ភ្លេចគេបាននៅ? » គាត់សំដៅដល់ «គេ» ម្នាក់នោះ ខ្ញុំគ្រវីក្បាល

« បងនៅតែបារម្ភពីអូន! វាតាល្មមបើកចិត្តហើយអូន គេប្រហែលរៀបការបាត់ហើយ » ខ្ញុំបានត្រឹមតែញញឹម ញញឹមទាំងចិត្តកង្វល់

« បងចង់ឃើញអូនញញឹមដោយសប្បាយចិត្ត ច្រើនឆ្នាំហើយដែលស្នាមញញឹមអូន ជាស្នាមញញឹមជូរចត់ » ខ្ញុំព្យាយាមទប់ទឹកភ្នែក

« បង! ខ្ញុំនឹងទៅចូលរួម តែពេលនេះខ្ញុំសូមលាបងទៅមុនហើយ »

ខ្ញុំមិនដឹងថាខ្ញុំមកដល់ផ្ទះពីពេលណាទេ ខ្ញុំដឹងត្រឹមតែថាអ្វីៗគ្រប់យ៉ាងគឺងងឹត ហើយទឹកភ្នែកខ្ញុំហូរមិនព្រមឈប់ ។ យូរប៉ុណ្ណាហើយដែលខ្ញុំដាក់ទណ្ឌកម្មខ្លួនឯង មនុស្សប៉ុន្មាននាក់ហើយដែលខ្ញុំមើលរំលង ព្រោះតែមនុស្សតែម្នាក់ ។ បងទូនិយាយត្រូវ ខ្ញុំមិនដែលញញឹមចេញពីចិត្តទេ តាំងតែពីថ្ងៃដែលគេចាកចេញទៅ ។

សម្លេងភ្លេងលាន់ខ្ទរបេះដូងខ្ញុំ បូកនឹងខ្យល់សមុទ្រដ៏ត្រជាក់ធ្វើអោយខ្ញុំកាន់តែរងារ ។ បងទូញញឹមទទួលភ្ញៀវ កូនក្រមុំរបស់គាត់ជានារីស្រស់ស្អាតម្នាក់ ។ ខ្ញុំសរសើរសំណាងនាងណាស់ នាងពិតជាសមជាគូនឹងបុរសសុភាពដូចជាគាត់ ។

« វាតា! ថ្ងៃនេះតែងខ្លួនគួរអោយស្រលាញ់ណាស់! » បងទូនិយាយ គាត់នៅតែកំប្លែងជានិច្ច ខ្ញុំញញឹមតប

« នេះជីវីភរិយាបងណា »​ គាត់ណែនាំនាងអោយខ្ញុំស្គាល់ នាងញញឹមស្អាតណាស់ នាងសំពះខ្ញុំ ខ្ញុំសំពះតបជាការគួរ ។ តែរំពេចនោះភ្នែកខ្ញុំក៏ទាក់នឹងនរណាម្នាក់ អ្នកដែលយកស្នាមញញឹមខ្ញុំទៅជាមួយពេលដែលគេចាកចេញទៅ អ្នកដែលខ្ញុំមិនអាចបំភ្លេចបាន

« អំណត់! » ជីវីពោលតិចៗ គេញញឹមសម្លឹងមើលមកខ្ញុំ ស្នាមញញឹមដដែល បេះដូងខ្ញុំញាប់ញ័រ

« ស្មានតែបងមិនមកទេតើ! » ជីវីញញឹម

« បង! ខ្ញុំមានការបន្ទាន់បង! ខ្ញុំមិនបាននៅតទៅទៀតទេ! ជូនពរពួកបងស្រលាញ់គ្នារហូតទៅណា » ខ្ញុំត្រូវតែចាកចេញ! ខ្ញុំខ្លាចថាខ្ញុំទន់ជ្រាយរហូតដល់យំនៅមុខគេ ។ ខ្ញុំរត់ចេញដោយមិនដឹងទិសដៅ

« វាតាឈប់! » សម្លេងរបស់គេស្រែកមក ខ្ញុំមិនខ្វល់គិតតែរត់ រហូតដល់គេចាប់ដៃខ្ញុំជាប់

« មានការអី! » ខ្ញុំព្យាយាមមិនមើលមុខគេ

« គេចពីខ្ញុំធ្វើអី? » គេចាប់ដៃខ្ញុំរឹតតែណែន ពេលខ្ញុំព្យាយាមរើ

« ខ្ញុំមិនបានគេចពីលោកទេ ខ្ញុំមានការប្រញាប់មែន » គេសើចតិចៗក្នុងបំពង់ក

« លេសដដែល យូរហើយនាងនៅតែមិនព្រមកែសោះ! » ខ្ញុំងើយមើលគេ រង្វង់មុខនោះមិនផ្លាស់ប្តូរច្រើនទេ នៅតែដដែល គ្រាន់តែមិនស្រស់ថ្លាដូចកាលពីមុន

« មានការអីអោយប្រាកដ? »

« និយាយគ្នាសិនបានទេ? កុំរត់ចោលខ្ញុំអី! » ការអង្វររបស់គេធ្វើអោយខ្ញុំទន់ចិត្ត  ទីបំផុតខ្ញុំត្រូវអង្គុយនិយាយជាមួយគេទាល់តែបាន ។ ជីវីគួរតែជាសង្សាររបស់គេ មិនដឹងថាហេតុអីគេបែកពីនាង ខ្ញុំក៏មិនបានសួរដូចគ្នា​ ។

« នាងស្អាតជាងមុន! » គេនិយាយ

« អំណត់ឯងក៏មិនផ្លាស់ប្តូរអីណាស់ណាដែរ »

« នេះឬពាក្យសរសើររបស់វាតាឯង! ស្តាប់ទៅដូចបង្អាប់ច្រើនជាង » ពួកយើងក៏សើច វាជាសំណើចតូចមួយតែវាល្អជាការសើចជាច្រើនកន្លងមក

« ពួកយើងចាស់អស់ហើយ! អតីតកាលជាអនុស្សាវរីយ៍ »

« វាជាសុបិន្តអាក្រក់ច្រើនជាង » មិនដឹងហេតុអីទេ ខ្ញុំក៏របូតមាត់និយាយពាក្យនេះមក គេក៏ឈប់ញញឹម ភ្នែករបស់គេអាប់ពន្លឺមួយរំពេច ខ្ញុំមិនដឹងថាគួរតែសោកស្តាយឬរីករាយទេពេលនេះ

« ខ្ញុំមិនគួរណាផ្តល់ភាពជូរចត់អោយនាងទេ មកពីកាលនោះខ្ញុំនៅក្មេងពេក ខ្ញុំមិនយល់ថាអ្វីជាការស្រលាញ់ ខ្ញុំល្ងង់ណាស់ សុំទោសវាតា! » សំដីរបស់គេធ្វើអោយខ្ញុំឈួលចុងច្រមុះ

« មិនបាច់សុំទោសទេ! ខ្ញុំបំភ្លេចវាចោលយូរហើយ » ខ្ញុំកុហក! តែវាគ្មានប្រយោជន៍អីដែលគាស់កកាយវាឡើងវិញទេ គេនៅស្ងៀម

« បើអស់ការអីហើយ ខ្ញុំលាទៅសិនហើយ! » ខ្ញុំក្រោកចេញ តែគេចាប់ដៃខ្ញុំជាប់

« ត្រលប់មកសេពគប់គ្នាម្តងទៀតណា! ខ្ញុំនឹងព្យាយាមសងអ្វីដែលខ្ញុំយកពីនាង » រំពេចនោះដុំកំហឹងចាប់ផ្តើមឆេះ

« ខ្ញុំដឹងថានាងនឹងនិយាយថាខ្ញុំជាមនុស្សអាត្មានិយម ចង់ទៅក៏ទៅ ចង់មកក៏មក តែមេត្តានាងទុកឱកាសអោយខ្ញុំម្តងទៀតណា! ខ្ញុំនឹងស្រលាញ់នាង ប៉ះប៉ូវអោយនាងគ្រប់យ៉ាង » កែវភ្នែកអង្វរកររបស់គេធ្វើអោយខ្ញុំទន់ចិត្ត

«​ សុំទោស! » តែខ្ញុំត្រូវតែរឹងមាំ ខ្ញុំព្យាយាមរលាស់ដែគេចេញ តែគេបែរជាអោបខ្ញុំជាប់ រង្វង់ដៃមួយនោះ នៅតែកក់ក្តៅ រឹងមាំមិនខុសពីមុន

« កុំសុំទោសខ្ញុំ! នាងមិនខុស ខ្ញុំទេជាអ្នកខុស ខ្ញុំនឹងសងនាងគ្រប់យ៉ាង បើជាតិនេះមិនគ្រប់ ជាតិក្រោយខ្ញុំនឹងសងបន្តទៀត! » គេគ្រាន់តែចង់លុបលាងកំហុសតែប៉ុណ្ណោះ

« អំណត់! ខ្ញុំសុំអង្វរ លែងខ្ញុំទៅ! ខ្ញុំឈឺគ្រប់គ្រាន់ហើយ ឫពេលកន្លងមកនេះវាមិនទាន់គ្រប់គ្រាន់សំរាប់លោកទៀត » ទឹកភ្នែកឈឺចាប់ក៏ហូរមក គេនៅតែមិនលែង

« យើងមិនបានបែកគ្នាទេវាតា ខ្ញុំអត់មាននិយាយថា បែកជាមួយនាងទេ នាងសាកគិតឡើងវិញទៅ » សម្តីរបស់គេធ្វើអោយខួរក្បាលរបស់ខ្ញុំវិលត្រលប់ទៅកាលឆ្នាំនោះវិញ

« យើងគួរតែបែកគ្នាទៅ » ខ្ញុំនិយាយទៅកាន់អំណត់ ទាំងព្យាយាមទប់ទឹកភ្នែកមិនអោយហូរ អំណត់មិននិយាយអ្វីទាំងអស់ គ្រាន់តែសម្លឹងមើលមកខ្ញុំ

« បងនិយាយអ្វីខ្លះមក » គេនៅតែមិននិយាយ

« ឫបងគ្មានយោបល់អីទេ » គេដកដង្ហើមធំ

« តើអូនចង់អោយបងនិយាយអ្វី! ប្រាប់បងមក បងនឹងនិយាយពាក្យដែលអូនចង់ស្តាប់! » នេះមិនមែនជាអ្វីដែលខ្ញុំចង់បានទេ

« អូនលែងចង់ស្តាប់ហើយ! យើងចប់គ្នាចុះ បើបងពេញចិត្តទាក់ទងនាងទៀត » ទឹកភ្នែកដែលខំទប់ក៏ហូរមក

« បងគិតថាអូនគួរតែទៅសម្រួលអារម្មណ៍សិនទៅ ចាំមកនិយាយគ្នា​! » ខ្ញុំមិនដឹង មិនខ្វល់ ។ ចាប់ពីពេលនោះមកខ្ញុំមិនទាក់ទងរកគេ ទូរស័ព្ទក៏ខ្ញុំប្តូរលេខ ពត៌មានពីគេក៏ខ្ញុំមិនខ្វល់ រហូតដល់ចប់ឆ្នាំសិក្សា ខ្ញុំលឺថាគេត្រលប់ទៅទាក់ទងនឹងម៉ូលី សង្សារចាស់របស់គេវិញ ។ ខ្ញុំគិតថាខ្ញុំនឹងបំភ្លេចគេបាន តែច្រើនឆ្នាំហើយ រូបគេតាមលងខ្ញុំមិនឈប់សោះ ។

« អំណត់! ដោះលែងខ្ញុំទៅ ខ្ញុំមិនចង់ជួបរឿងដដែលៗទេ បើយើងសេពគបគ្នាវិញ ប្រៀបដូចជាការអានសៀវភៅចាស់អញ្ចឹងដែរ យើងគង់នឹងដឹងថាវានឹងចប់ទៅដោយជូរចត់ដូចពីមុនអញ្ចឹង »

« ទេ! តាមពិតនាងមិនទាន់បានអានសៀវភៅនោះចប់ទេ វាគ្រាន់តែដល់កន្លែងដែលជូរចត់ នាងក៏បោះបង់វាចោល នាងគ្មានភាពក្លាហាននឹងបន្តវាតែប៉ុណ្ណោះ » គេបែរខ្ញុំអោយប្រឈមមុខនឹងគេ

«​ ទុកឱកាសអោយខ្ញុំម្តងទៀតណា ខ្ញុំនឹងកែប្រែកំហុសរបស់ខ្ញុំ ខ្ញុំនឹងមិនធ្វើអោយនាងឈឺចាប់ទេ » គេជូតទឹកភ្នែកដែលហូរមកមិនឈប់នោះ

« អំណត់! តែម្តងនេះទៀតប៉ុណ្ណោះ » តែម្តងនេះទៀតទេ លោកនឹងលែងបានឃើញមុខខ្ញុំជារៀងរហូត ។​

សូមរង់ចាំតាមដាន​ភាគបន្ត៕

 

និពន្ធដោយ៖ កញ្ញា ឃិន វិច្ឆិកា

 

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s